ខ្សែប្រយុទ្ធកាមេរ៉ូនបទពិសោធន៍ជោកជាំមកធ្វើតេស្តនៅភ្នំពេញក្រោន
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលឲ្យកីឡាករសញ្ជាតិកាមេរ៉ូន Baldwin Ngwa ធ្វើតេស្តរយៈពេល២សប្ដាហ៍ ដើម្បីស្ទាបស្ទង់សមត្ថភាពមុនសម្រេចផ្ដល់កុងត្រា ខណៈកីឡាករបរទេសមួយចំនួននៅក្នុងក្លិបមានបញ្ហាមិនអាចជួយក្លិបបាន។
ខ្សែប្រយុទ្ធកណ្ដាល (Central Forward) Baldwin Ngwa បានមកដល់ភ្នំពេញក្រោនតាំងពីមុនចូលឆ្នាំខ្មែរម្ល៉េះ តែមិនទាន់បានហ្វឹកហាត់រួមគ្នាជាមួយកីឡាករចាស់ៗបានភ្លាមទេ ដោយសារចំពេលឈប់សម្រាកចូលឆ្នាំថ្មី។ កីឡាករសញ្ជាតិកាមេរ៉ូនរូបនេះ មានអាយុ២៣ឆ្នាំ កម្ពស់១,៨០ម៉ែត្រ ទម្ងន់៧២គីឡូក្រាម ស៊ុតបាន៣គ្រាប់ក្នុងប្រកួតសមជើងជាមួយ Albirex កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន ជួយឲ្យក្រោនឈ្នះក្នុងលទ្ធផលលើសលុប ៩-០ ។ ទោះជាបែបនេះក្ដី លោក Sam គ្រូធំរបស់ក្រោននិយាយថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសង្កេតលើទម្រង់លេខរបស់ Baldwin ។
Baldwin ជួរក្រោយឆ្វេងបង្អស់ (រូបថត៖ cambodiafootball.blogspot.com)
ប្រសិនបើទម្រង់លេងរបស់កីឡាករអន្តរជាតិកាមេរ៉ូន Baldwin Ngwa ទាក់ចិត្តគ្រូបង្វឹក Sam Schweingruber របស់ក្រោនបាន មានន័យថា គេអាចដណ្ដើមតំណែងរបស់ Newton Ben Katanha ឬ Rafael Souza de Oliveira ដែលក្លិបត្រៀមនឹងបញ្ចេញមុន FFC បិទបញ្ជីដោះដូរកីឡាករត្រឹមចប់ជើងទីមួយមិត្តហ្វូនខេមបូឌានលីក។
កីឡាករវ័យ២៣ឆ្នាំខាងលើធ្លាប់លេងនៅក្លិប Bamboutos Mbouda នៃលីកលំដាប់ទី៣កាមេរ៉ូន នាឆ្នាំ២០០៦ មុនប្ដូរទៅ Tiko United នៅ Cameroon Premiere Division របស់កាមេរ៉ូនក្នុង២០០៧។ មួយឆ្នាំក្រោយមក ពោលគឺឆ្នាំ២០០៨ Baldwin បានផ្លាស់ទៅក្លិបលីកកំពូល Gor Mahia នៅកេនយ៉ា ហើយបានទៅរួមរស់ជាមួយក្លិប JS Kairouan នៃលីកលំដាប់ខ្ពស់របស់ទុយណេស៊ីនាឆ្នាំ២០១១ មុនត្រលប់ទៅ Gor Mahia ជាថ្មីនៅឆ្នាំ២០១២។ លេងនៅ Gor Mahia បាន១រដូវកាល ខ្សែប្រយុទ្ធរូបនេះផ្លាស់ទៅ Western Stima ដែលស្ថិតក្នុងលីកកំពូលរបស់ កេនយ៉ា ដូចគ្នា តែឆ្នាំបន្ទាប់ក៏បានទៅលេងឲ្យ JS Kairouan នៅ ទុយណេស៊ី ជាលើកទី២។
ដើមឆ្នាំ២០១៣ Baldwin Ngwa ចាប់ផ្ដើមឆ្លងមកទ្វីបអាស៊ីដោយប្រកបអាជីពនៅក្លិបបាល់ទាត់មួយរបស់ប្រទេស អូម៉ង់ ហើយកាលពីដើមឆ្នាំនេះរូបគេបានធ្វើតេស្តនៅក្លិប វៀតណាម តែដោយសារបញ្ហារបួសធ្វើកីឡាករម្នាក់នេះបាត់បង់ឱកាស ព្រោះទីផ្សារដោះដូរកីឡាកររបស់ V-League បានបិទទ្វារទៅហើយ៕
Post a Comment