ណាហ្គា បញ្ចប់កុងត្រាកីឡាករកូរ៉េកម្ពស់បាន Kim Sang Min ហើយ
កាលពីព្រឹកមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការនៃក្លិបបាល់ទាត់ ណាហ្គាខប ប្រកាសថា ក្លិបបានបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Sang Min ហើយ ខណៈកីឡាកររូបនេះអាចនឹងទៅប្រកបអាជីពនៅក្លិបមួយនាប្រទេសហ្វីលីពីន ជាទីដែលអតីតគ្រូបង្វឹករបស់គាត់ធ្វើការនៅទីនោះ។
នៅក្នុងសេចក្ដីប្រកាសនោះបានសរសេរថា ៖«ក្លិបណាហ្គាខបបានបញ្ចប់កិច្ចសន្យាខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Kim Sang Min ហើយ។ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះមិនអាចរកកៅអីលេងទៀងទាត់នៅក្នុងជម្រើសដំបូងរបស់ ណាហ្គា បានឡើយ។ កីឡាកររូបនេះត្រូវបានក្លិបមួយនៅ ហ្វីលីពីន ដែលបង្វឹកដោយអតីតគ្រូបង្វឹករបស់ខ្លួនជាជនជាតិកូរ៉េដូចគ្នា ទាក់ទងឲ្យទៅលេងនៅទីនោះ។ យើងសូមជូនពរគ្រប់ប្រការដល់ Sang Min ក្នុងដំណើរជីវិតថ្មីលើទឹកដី ហ្វីលីពីន»។
តំណាងក្លិបណាហ្គាខបបានឲ្យ Sabay ដឹងថា មិនមែនមកពី Kim មិនល្អគ្រប់គ្រាន់នោះទេ ប៉ុន្តែដោយសារខ្សែប្រយុទ្ធជនជាតិខ្មែរមានស្រាប់ហើយនោះ ខណៈក្លិបត្រូវការខ្សែបម្រើច្រើនជាង ជាហេតុធ្វើឲ្យក្លិបត្រូវប្រើប្រាស់កីឡាករបរទេស៣នាក់ (Barry, In Yong, Masahiro) គ្រប់កូតាដែល FFC បានដាក់ឲ្យល្មម។
តំណាងក្លិបបានបន្តថា ដោយមើលឃើញពីបញ្ហានេះ ក្លិបសម្រេចឲ្យ Kim ចេញតែម្ដង ប្រសើរជាងទុកកីឡាករល្អដូចជារូបគាត់ចោលទទេ។ ប្រភពដដែលបន្ថែមថា ក្លិបនៅ ហ្វីលីពីន នឹងផ្ដល់កុងត្រាឲ្យ Kim ភ្លាមតែម្ដងដោយមិនបាច់ធ្វើតេស្តសមត្ថភាពអ្វីទាំងអស់ ដោយសារគ្រូបង្វឹករបស់ក្លិបខាងលើ ស្គាល់ទេពកោសល្យ Kim ច្បាស់ណាស់ទៅហើយ ព្រោះអ្នកទាំង២ធ្លាប់ជាគ្រូ-សិស្សគ្នាកាលនៅកូរ៉េខាងត្បូង។
តាំងពីចុះកុងត្រាជាមួយ ណាហ្គា កាលពីដើមរដូវកាល ដំណាលគ្នានិងមិត្តរួមជាតិ Jang In Yong មក Kim Sang Min ជាប់ជម្រើសដំបូងត្រឹម២-៣ប្រកួតប៉ុណ្ណោះ ហើយមួយរយៈចុងក្រោយនេះ គេមិនបានឃើញវត្តមានរបស់គាត់នៅលើទីលាននោះឡើយ៕
Kim Sang Min (ឈរជួរក្រោយលេខ២៦)
ប្រភពពី sabay.com.kh
Post a Comment