Header Ads

ភ្នំពេញក្រោន បន្ត​ឈរ​កំពូល​តារាង​លីក ៤ សប្ដាហ៍​ជាប់​គ្នា

20140407_28a
ក្រូច ម៉ុល(លេខ​៥) របស់​វេស្ទើន ប្រជែង​តែត​បាល់​នឹង ធុល សុធារិុទ្ធ របស់​ត្រាយ​អាស៊ី​​។ រូបថត ម៉េងស្រ៊ុន
ភ្នំពេញៈ ក្រុម​ភ្នំពេញក្រោន បាន​គេច​ផុត​ពី​ការ​ព្រួយបារម្ភ​ទាំងឡាយ ដើម្បី​រក្សា​ការ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​មិត្តហ្វូន ខេមបូឌានលីក ឆ្នាំ​២០១៤ ជា​បន្ត​ទៀត បន្ទាប់ពី​ក្រុម​មួយ​នេះ នៅ​តែ​អាច​ជម្នះ​រាល់​ការ​លំបាក ដើម្បី​រក​បាន​៣​ពិន្ទុ​បន្ថែម ដូច​ក្រុម​ដែល​កំពុង​មាន​បំណង​ប្រជែង​យក​ទីតាំង​របស់​ខ្លួន​នោះ។
ថ្វីបើ​មិន​ទាន់​បាន​បូក​បញ្ចូល​ពី​លទ្ធផល​នៃ​ការ​ប្រកួត​របស់​ចំការ​កៅស៊ូ​បឹងកេត និង​ក្រុម​ក្រសួង​ការពារ​ជាតិ ដែល​បាន​លេង​នៅលើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ កាលពី​រាត្រី​ថ្ងៃ​អាទិត្យ ម្សិលមិញ ប៉ុន្តែ​ការ​រក​បាន​៣​ពិន្ទុ​បន្ថែម​របស់​ក្រុម​ភ្នំពេញក្រោន និង​ក្រុម​កំពុង​ឈរ​នៅ​លេខរៀង​ទី​២​ណាហ្គាខប ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​៨ កាលពី​ថ្ងៃ​សៅរ៍ វា​នៅ​តែ​បញ្ជាក់​បាន​ថា បឹងកេត នៅ​តែ​ឈរ​នៅ​លេខរៀង​ទី​៣​ដដែល បើ​ទោះ​បី​ជា​ក្រុម​នេះ ឈ្នះ​ឬ​ចាញ់​ការពារ​ជាតិ ក៏ដោយ។
ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ នៅលើ​ទីលាន​ពហុកីឡដ្ឋាន កាលពី​រាត្រី​ថ្ងៃ​សៅរ៍​នោះ ភ្នំពេញក្រោន បាន​ជួប​ការ​លំបាក​យ៉ាង​ច្រើន ក្នុង​ការ​ប្រឈម​ជាមួយ​ក្រុម​អគ្គ​ស្នងការ​នគរបាល​ជាតិ(​ប៉ូលិស) ព្រោះ​ចង្វាក់​លេង​របស់​ក្រុម​ទាំង​២​នេះ​គឺ​មាន​ឱកាស​ដាក់​សម្ពាធ​លើ គ្នា​ទៅវិញ​ទៅមក។
ជាមួយ​លទ្ធផល​ស្មើ ០-០ ជា​បណ្តោះអាសន្ន សម្រាប់​ការ​ប្រកួត​នៅក្នុង​តង់​ទី​១ វា​កាន់តែ​ធ្វើឲ្យ​ការ​ប្រកួត​ប្រជែង​របស់​ប៉ូលិស និង​ភ្នំពេញក្រោន មាន​ភាព​តានតឹង​មួយ​កម្រិត​ទៀត ប៉ុន្តែ​ភាព​សប្បាយ​រីករាយ បាន​កើត​មាន​ឡើង​ចំពោះ​ភ្នំពេញក្រោន នៅពេល​ខ្សែប្រយុទ្ធ​នីហ្សេរីយ៉ា Bisan George បាន​រក​ឃើញ​គ្រាប់បាល់​ជ័យជម្នះ​ឲ្យ​ភ្នំពេញក្រោន សម្រាប់​ការ​ប្រកួត​នៅក្នុង​តង់​ទី​២​នោះ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន​នៅ​តែ​អាច​រក្សា​ទីតាំង​កំពូល​តារាង​របស់​ខ្លួន​ជា​បន្ត​ទៀត។
ផ្ទុយ ទៅវិញ ក្រុម​គិរីវង់​សុខសែនជ័យ ដែល​លេង​នៅ​ទីលាន​នោះ​ដែរ នៅ​តែ​មិន​អាច​រក​ឃើញ​ជ័យជម្នះ​លើក​ដំបូង​របស់​ខ្លួន​បាន​ដដែល នៅពេល​ពួកគេ​បាន​ចាញ់​ក្រោម​ដៃ​បៀលប្រាយ ក្នុង​លទ្ធផល ១-០ នោះ ហើយ​ខ្សែប្រយុទ្ធ ចាន់ ឆាយ៉ា ជា​អ្នក​រក​គ្រាប់បាល់​ជ័យជម្នះ​ឲ្យ​បៀលប្រាយ នៅក្នុង​ការ​ប្រកួត​នេះ ដើម្បី​ធ្វើឲ្យ​៨​ប្រកួត​របស់​បៀលប្រាយ មាន​លទ្ធផល​ឈ្នះ​៣ ស្មើ​២ និង​ចាញ់​៣​ប្រកួត និង​មាន​១១​ពិន្ទុ​នៅក្នុង​ដៃ។ ប៉ុន្តែ​៨​ប្រកួត​របស់​គិរីវង់ គឺ​បាន​ត្រឹម​ស្មើ​៤ និង​ចាញ់​៤​ប្រកួត ហើយ​ក្រុម​នេះ​កំពុង​ឈរ​នៅ​លេខរៀង​ទី​១១ បន្ទាប់ពី​ក្រុម​បាតតារាង។
ចំណែក ក្រុម​ណាហ្គាខប បាន​បន្ថែម​កំណត់​ត្រា​ចាញ់​ទៅ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ស្វាយរៀង មួយ​ប្រកួត​ទៀត​ហើយ សម្រាប់​ការ​ជួប​គ្នា​នៅ​ទីលាន​ស្តាតចាស់ កាលពី​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ​ជ័យជម្នះ​របស់​ណាហ្គាខប គឺ​រក​បាន​ដោយ​កីឡាករ​ជប៉ុន Jang In Yong នៅក្នុង​តង់​ទី​២ ដែល​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ណាហ្គាខប នៅ​រក្សា​ការ​ឈរ​នៅ​លេខរៀង​ទី​២ ជា​បន្ត​ទៀត ដោយ​មាន​១៩​ពិន្ទុ​ស្មើ​ភ្នំពេញក្រោន តែ​មាន​គ្រាប់​បាល់​ចំណេញ តិច​ជាង​ចំនួន​២​គ្រាប់​ដដែល។
ចំពោះ​ក្រុម អាស៊ីអឺរ៉ុប ដែល​លេង​នៅ​ទីលាន​នោះ​ដែរ បាន​រំកិល​ឡើង​ទៅ​ឈរ​នៅ​លេខរៀង​ទី​៨​វិញ​ហើយ បន្ទាប់ពី​ក្រុម​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​បាត​តារាង Albirex Niigata ក្នុង​លទ្ធផល ៣-១ នោះ។ ខ្សែប្រយុទ្ធ George Kelechi រក​បាន​២​គ្រាប់​តែ​ម្នាក់​ឯង ហើយ​ខ្សែប្រយុទ្ធ ថន តារាពេជ្រ បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​ជួយ​ឲ្យ​អាស៊ីអឺរ៉ុប ស្គាល់​រសជាតិ​ឈ្នះ​ជា​លើក​ទី​២ ក្នុង​ការ​ប្រកួត​ទាំង​៨​លើក រីឯ​១​គ្រាប់​របស់ Albirex រក​បាន​ដោយ​កីឡាករ​ជប៉ុន Tatsuta Kazuki។
ត្រាយអាស៊ី តាម​ត្រឹម​ស្មើ​នឹង​វេស្ទើន
ដោយឡែក​ការ​ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ក្រុម​គ្រប់គ្រង​ដោយ​ជប៉ុន ត្រាយអាស៊ី ដែល​មាន​សន្ទុះ​ខ្លាំង សម្រាប់​ការ​ប្រកួត​នៅ​ដើម​រដូវកាល​នោះ បាន​ជួប​នូវ​ការ​បារម្ភ​ភ្លាម​មួយ​រំពេច នៅពេល​ខ្សែប្រយុទ្ធ M.Privat បាន​ទាត់​ទម្លុះ​ទី​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​វេស្ទើន ធ្វើការ​នាំ​មុខ​បណ្តោះអាសន្ន ១-០ នៅក្នុង​តង់​ទី​១​នោះ។
តែ​ទោះ​បី ជា​យ៉ាង​ណា ការ​ព្យាយាម​វាយបក​ជា​បន្តបន្ទាប់​របស់​ត្រាយអាស៊ី សម្រាប់​ការ​ប្រកួត​នៅក្នុង​តង់​ទី​២ បាន​ផ្តល់​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​លំដាប់​អាជីព​របស់​ជប៉ុន Kihara Masakazu ធ្វើការ​វាយ​បក​បាន​១​គ្រាប់​វិញ ដើម្បី​បញ្ចប់​ការ​ប្រកួត​លើក​ទី​៨​នេះ​ជាមួយ​លទ្ធផល​ស្មើ​គ្នា ១-១ ហើយ​ការ​បាន​ត្រឹម​១​ពិន្ទុ​នេះ​បាន​ជួយ​ឲ្យ​ត្រាយ​អាស៊ី ឡើង​ទៅ​ឈរ​នៅ​លេខរៀង​ទី​៥​វិញ ខណៈ​ក្រុម​វេស្ទើន ឈរ​នៅ​លេខរៀង​ទី​១០ ដូច​សប្តាហ៍​ទី​៧ ដដែល៕
ប្រភពពី www.postkhmer.com

No comments