បាក់ឆ្អឹងប៉ុណ្ណឹងហើយ ធារី ឆ្លៀតទៅចូលរួមសកម្មភាពសង្គមដល់កំពង់ឆ្នាំងទៀត
ដំណឹងមិនល្អមួយបានកើតឡើងចំពោះប្រិយមិត្តរបស់ខ្សែបម្រើ ធារី ចន្ថាប៊ីន បន្ទាប់ពីក្លិបភ្នំពេញក្រោនប្រកាសថា កីឡាកររូបនេះនឹងត្រូវបាត់មុខពីវាលស្មៅក្នុងរយៈពេលមិនតិចជាងមួយខែ ដោយសារបាក់ឆ្អឹងខ្នងជើង ទោះជាបែបនេះក្ដី ធារី នៅតែស្វះស្វែងទៅចូលរួមសកម្មភាពសង្គមដល់ខេត្តកំពង់ឆ្នាំង។
ជួបជាមួយ Sabay នៅពហុកីឡដ្ឋានជាតិ ជើងរុំប៉ង់ស៊ីម៉ង់ដៃទាំងពីរកាន់ឈើច្រត់ ធារី បានឲ្យដឹងថា ឆ្អឹងខ្នងជើងនេះបាក់តាំងពីពេលប្រកួតទល់នឹង Albirex មកម្ល៉េះ តែមិនបានដឹងថាបាក់នោះទេ គ្រាន់តែឈឺបន្តិចបន្តួច លុះដល់ទៅស្គែនមើលទើបដឹងថា បាក់ឆ្អឹងតែម្ដង។ កីឡាករសម្បូរ Fans រូបនេះបន្ថែម របួសនេះត្រូវចំណាយពេលព្យាបាលមិនតិចជាង១ខែឡើយ ឬអាចច្រើនជាងនេះ ប្រសិនបើឆ្អឹងមិនទាន់ត្រឡប់ទៅរកសភាពដើមវិញ។
ធារី ក្នុងកម្មវិធីផ្សព្វផ្សាយពីជំងឺអេដស៍ នៅខេត្តកំពង់ឆ្នាំង
ឆ្លៀតពេលទំនេរពីការហ្វឹកហាត់ និងប្រកួត ធារី ជាមួយមិត្តរួមក្រុមមួយចំនួនទៀត បានចុះធ្វើយុទ្ធនាការមួយរៀបចំឡើងដោយក្លិបភ្នំពេញក្រោន ជាមួយនឹងអង្គការសលត៍ រួមសហការដោយ ក្រសួងអប់រំ យុវជន និងកីឡា FFC, ADB, UNAID ក្រោមការឧបត្ថម្ភពីគម្រោង Asian Football Development Project នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅទីរួមខេត្តកំពង់ឆ្នាំង។
ដោយកម្មវិធីការការពារមេរោគអេដស៍មួយនេះ សម្រេចយកកីឡាបាល់ទាត់ជាមូលដ្ឋាន ក្នុងគោលបំណងផ្សព្វផ្សាយពីការការពារខ្លួនពីជំងឺអេដស៍ ភាពក្លាហានក្នុងការធ្វើតេស្តឈាមរកមេរោគអេដស៍ និងអប់រំយុវជនកុំឲ្យមានការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍។
ប្រភព៖ sabay.com.kh
Post a Comment