Header Ads

បឹងកេត និង ណាហ្គា ទម្លាក់​ក្រោន មិន​បាន

ភ្នំពេញៈ ក្រុម​កំពុង​ឈរ​នៅលើ​តំបន់​កំពូល​តារាង​ទាំង​៤ នៃ​ក្របខ័ណ្ឌ​មិត្តហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៤ ចំការ​កៅស៊ូ​បឹងកេត និង​ណាហ្គាខប សុទ្ធតែ​រក​បាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា សម្រាប់​ការ​ប្រកួត​លើក​ទី​៧ កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ប៉ុន្តែ​ក្រុម​ទាំង​២ នៅ​តែ​មិន​អាច​ទម្លាក់​ភ្នំពេញក្រោន ចេញ​លេខរៀង​ទី​១​បាន​ដដែល ខណៈ​ក្រោន បាន​ប្រើ​សមាជិក​នៅ​សល់​លើ​ទីលាន​ត្រឹម​១០​នាក់ ដើម្បី​រក្សា​ការ​នាំ​មុខ ១-០ លើ​ត្រាយអាស៊ី រហូត​ដល់​ការ​ប្រកួត​បាន​បញ្ចប់​នោះ។ រីឯ​បៀលប្រាយ ក៏​ឈ្នះ​បាន​៣​ពិន្ទុ​ផង​ដែរ។
សម្រាប់​ការ​ប្រកួត ដែល​ធ្វើ​នៅលើ​ទីលាន​ស្តាតចាស់​នោះ ចំការ​កៅស៊ូ​បឹងកេត លេង​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ឡើយ ដោយ​ក្រុម​មួយ​នេះ​រក​បាន​គ្រាប់​បាល់​តាម​ពីក្រោយ​អាស៊ីអឺរ៉ុប រហូត។ ខ្សែប្រយុទ្ធ អៀ ពីរ៉ូត របស់​អាស៊ីអឺរ៉ុប បាន​រក​ឃើញ​គ្រាប់​បាល់​បើក​ឆាក នៅ​នាទី​ទី​៧ ប៉ុន្តែ Mohammad Tijani បាន​ជួយ​ឲ្យ​បឹងកេត តាម​ស្មើ​នៅ​នាទី​ទី​២០។ ២​នាទី​ក្រោយ​មក ប្រាក់ វ៉ាន់នី បាន​ជួយឲ្យ​អាស៊ីអឺរ៉ុប នាំ​មុខ​ម្តង​ទៀត តែ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​វាយបក​បាន​១​គ្រាប់​វិញ ដើម្បី​នាំឲ្យ​បឹងកេត តាម​ស្មើ​ម្តង​ទៀត នៅ​នាទី​ទី​២៨។
ជាមួយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ទាំង​២ កាន់តែ​មាន​ភាព​ស្វិតស្វាញ ប៉ុន្តែ​ការ​លោត​តែត​បាល់​បញ្ចូល​ទី​របស់ Ohuruogu Chukwuma នៅ​នាទី​ទី​៧៩ បាន​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​អាស៊ីអឺរ៉ុប ៣-២ ទាំង​វេទនា។
ទោះ​បី​ជា​យ៉ាង​ណា លោក បែ មករា អ្នក​ចាត់ការ​ទូទៅ និង​លោក ប្រាក់ វុទ្ធី ដែល​ជា​គ្រូបង្វឹក​បឹងកេត មិន​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​នោះ​ទេ។
ចំណែក​ណាហ្គាខប ដែល​ចូល​លេង​នៅ​ម៉ោង​បន្ទាប់​នោះ បាន​ធ្វើការ​ដាក់​សម្ពាធ​ទៅលើ​ក្រុម​ប៉ូលិស​ភ្លាមៗ ហើយ​ការ​ធ្វើឲ្យ​ខ្សែប្រយុទ្ធ Barry Alpha នៅ​តំបន់​គ្រោះថ្នាក់ នៅ​ដើម​តង់​ទី​១​បាន​ធ្វើឲ្យ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ ឲ្យ​ណាហ្គាខប ហើយ ស៊ុន សុវណ្ណរិទ្ធី ធ្វើ​បាន​សម្រេច​ក្នុង​ឱកាស​មួយ​នេះ។ ប៉ុន្តែ នួន បូរី បាន​ជួយឲ្យ​ប៉ូលិស ស្មើ​វិញ នៅ​នាទី​ទី ៤៥+៦។
ទោះ​បី ជា​យ៉ាង​ណា ការ​រក​បាន​គ្រាប់​បាល់​ទី​២​របស់ សុវណ្ណរិទ្ធី ក្នុង​ការ​ប្រកួត​តង់​ទី​២ បាន​ជួយ​ឲ្យ​ណាហ្គាខប ឈ្នះ​ប៉ូលិស ២-១ ដោយ​មាន​១៦​ពិន្ទុ គឺ​លើស​បឹងកេត ១​ពិន្ទុ​ដដែល។
យ៉ាង​ណា​ក៏ដោយ លទ្ធផល​នេះ បាន​ត្រឹម​ជួយ​ឲ្យ​ណាហ្គាខប ឈរ​នៅ​លេខរៀង​ទី​២​លើ​បឹងកេត​ដដែល ព្រោះ​ភ្នំពេញក្រោន ក៏​រក​បាន​៣​ពិន្ទុ​បន្ថែម​ដែរ សម្រាប់​ការ​ជួប​ត្រាយអាស៊ី នៅ​ពហុកីឡដ្ឋាន ជាតិ នា​រាត្រី​ថ្ងៃ​សៅរ៍​នោះ។
ជ័យជម្នះ​របស់​ក្រោន បាន​មក​ដោយសារ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Bisan George នៅ​នាទី​ទី​១៩ និង​ការ​ព្យាយាម​ទប់​ពី​ការ​វាយលុក​យ៉ាង​ខ្លាំង​របស់​ត្រាយអាស៊ី ដើម្បី​ការពារ​លទ្ធផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត បន្ទាប់ពី Kim Jeongho បាន​ទទួល​កាតលឿង​ជា​លើក​ទី​២ នៅ​នាទី​ទី​៧០​នោះ ហើយ​លទ្ធផល​នេះ​បាន​ជួយឲ្យ​ក្រោន ឈរ​នៅលើ​កំពូល​តារាង​ជា​បន្ត​ទៀត។

ចំណែក​ខ្សែប្រយុទ្ធ Takno Marin បាន​ទាត់​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី​៤ ដើម្បី​ជួយ​ឲ្យ​បៀលប្រាយ ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ ១-០៕

No comments